ហេតុអ្វីបានជាព្រះសង្ឃខ្មែរក្លាយជាផ្ទាំងស៊ីបរបស់បក្សជួង?


ព្រះពុទ្ធសាសនាជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន ៣ គឺ ស្ថាប័នជាតិ ស្ថាប័នសាសនា និង ស្ថាប័នរាជបល្ល័ង្គ ។ ស្ថាប័នទាំង ៣ ជាសសរស្ដម្ភរបស់ប្រទេសកម្ពុជា​តាំងពីយូរ​លង់​ណាស់​មកហើយ ។ បណ្ដាស្ថាប័នទាំង​ ៣ នោះ ស្ថាប័នសាសនា សំដៅដល់ ព្រះពុទ្ធសាសនាថេរវាទ ដែលជានិកាយ​ព្រះពុទ្ធសាសនាចំណាស់បំផុត​ មានគម្ពីរព្រះត្រៃបិដកជាគោល មានព្រះសង្ឃជាសាសនទាយាទ មានព្រះពុទ្ធរូបជាតំណាងស្ថាបនិកព្រះពុទ្ធសាសនា ។

ព្រះពុទ្ធសាសនាបានចូលមកប្រទេសកម្ពុជានៅពុទ្ធសតវត្សទី ៣ ក្នុងរជ្ជកាលព្រះបាទកុមេរុរាជ ដែលកាលនោះ ប្រទេសកម្ពុជា ឈ្មោះថា នគរភ្នំ ស្ថិតក្នុងដែនដីសុវណ្ណភូមិ ហើយមានព្រះថេរៈ ២ អង្គ គឺ សោណថេរៈ និង ឧត្តរថេរៈ ជាអ្នកនាំព្រះពុទ្ធសាសនាតាមសំពៅមកចតនៅ​កំពង់ផែ​អូរកែវ​ក្រោមការ​ឧបត្ថម្ភរបស់​ព្រះបាទ​អសោកមហារាជ ដែលផ្ចុងផ្តើមធ្វើសង្គាយនា​ព្រះធម្មវិន័យនៅ​បាដលីបុត្រ​ប្រទេសឥណ្ឌា ដែលមាន ព្រះមោគ្គល្លីបុត្រតិស្សថេរៈជាប្រធានសង្គាយនា​ ។

លុះចំណេរកាលតមក ប្រទេសកម្ពុជាបានប្រែប្រួលខាងនយោបាយជាច្រើន ព្រះពុទ្ធសាសនាក៏​អណ្តែតត្រសែតទៅតាមស្ថានការណ៍របស់ប្រទេសជាតិជារឿយ ៗ រហូតដល់ គ.ស. ១៩៤៧ ព្រះពុទ្ធសាសនាត្រូវបានចារឹកក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាត្រង់មាត្រា ៨ ចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ពោលគឺ សាសនារបស់ជាតិខ្មែរហ្នឹងឯង ដែលមានប្រវត្តិ​សាវតារ​មកយ៉ាងយូរអង្វែង ។
នៅឆ្នាំ ១៩៧០ ព្រះពុទ្ធសាសនាត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា ២ ថា ព្រះពុទ្ធសាសនាជាសាសនាសម្រាប់រដ្ឋ ។
នៅឆ្នាំ ១៩៩៣ ព្រះពុទ្ធសាសនាត្រូវបានចារឹកក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា ៤៣ ថា ព្រះពុទ្ធសាសនា​ជាសាសនារបស់រដ្ឋរហូតដល់បច្ចុប្បន្នកាល ។

មានតែយុគសម័យកាលមួយគត់ដែលបំផ្លាញព្រះពុទ្ធសាសនា គឺ យុគសម័យឆ្នាំ ១៩៧៥ របបខ្មែរក្រហមលុបបំបាត់ស្ថាប័នសាសនាចោល និង មិនមានចែងអំពីព្រះពុទ្ធសាសនាទេ ។
ពួកខ្មែរក្រហមចាត់ទុកព្រះពុទ្ធសាសនាថាមិននាំឲ្យប្រទេសជាតិរីកចម្រើនទេ ទើបរបបខ្មែរចាប់ផ្សឹក​ព្រះសង្ឃចោលទាំងអស់ ។ វត្តអារាមក្លាយជាវត្តបុះ គឺ វត្តដែលត្រូវបានគេបោះបង់ចោល គ្មានមនុស្សចូលវត្ត ហើយទីបំផុត មនុស្សខ្មែរជាច្រើនលាននាក់ត្រូវបានសម្លាប់ ។
ឥឡូវនេះ របបខ្មែរក្រហមថ្មីកំពុងតែចាប់ផ្តើមដុះពន្លក យកព្រះសង្ឃជាផ្ទាំងស៊ីប ជេរប្រមាថដោយ​ប្រការផ្សេង ៗ ដោយគ្មានទឹកចិត្តជាខ្មែរបន្តិចសោះឡើយ ។

ព្រះសង្ឃខ្មែរសព្វថ្ងៃកំពុងតែក្លាយជាចំណាប់ខ្មាំងសង្គម ត្រូវបានមនុស្សឥតសាសនាវាយប្រហារ​និង​លាបពណ៌ដោយប្រការផ្សេង ៗ ព្រោះទោសទណ្ឌដែល​ចែងនៅក្នុងច្បាប់រដ្ឋមាន​កម្រិតស្រាល​ពេក និង មិនសូវត្រូវបានយកមក​អនុវត្តលើអ្នកជេរ​ប្រមាថព្រះសង្ឃទេ ព្រោះហេតុនោះឯង រឿងរ៉ាវអាក្រក់ ៗ ជាច្រើន​ទើបធ្លាក់​ទៅលើ​ព្រះសង្ឃ ហើយព្រះសង្ឃក្លាយ​ជាអ្នកទោស​សង្គម​ដែលត្រូវគេរិះគន់ច្រើនដោយមិនឈរលើមូលដ្ឋានគ្រឹះនៃធម្មវិន័យនិងច្បាប់ប្រទេសជាតិអ្វីឡើយ ។

ស្ថាប័នសង្ឃងាយនឹងដួលរលំបានដោយឥទ្ធិពលនៃពាក្យជេរប្រមាថនិងគ្មានចំណាត់ការសមរម្យ ។ យើងសាកគិតទៅមើល បើអ្នកបួសក្លាយជាអ្នកទោសសង្គម តើអ្នកណាខ្លះចង់បួស​ជាព្រះសង្ឃ? ហើយអ្នកកំពុងបួសត្រូវគិត​យ៉ាងណា​ដើម្បីគេច​ផុតពីការជេរប្រមាថនោះ?

ឃើញថា ស្ថាប័នសង្ឃកំពុងតែក្លាយជាគោលដៅនៃការបំផ្លាញពីសម្នាក់​បក្សនយោបាយ​មួយ​ដែលហៅខ្លួនឯងថា បក្សជួង ។ អ្នកគាំទ្របក្សនេះមានចរិតស្រដៀងគ្នា គឺ ចូលចិត្តជេរប្រមាថអ្នក​ណាមួយដែលមិនស្របនឹងទស្សនៈរបស់ខ្លួន ប៉ុន្តែសំណាងល្អសម្រាប់ស្ថាប័នសាសនា​ដែល​បក្សជួង​នេះមិនត្រូវបានគាំទ្រពីប្រជាពលរដ្ឋភាគច្រើនទេ ពុំនោះទេ របបខ្មែរក្រហមថ្មីនឹងកើតឡើងមិនខាន ៕ 

Comments